Tuesday, March 5, 2013

មី​សែ​ល បា​សេ​លែ​ត ប្រធានាធិបតី​ស្ត្រី​ដំបូង​នៃ​ប្រទេស​ឈី​លី​

មី​សែ​ល បា​សេ​លែ​ត ប្រធានាធិបតី​ស្ត្រី​ដំបូង​នៃ​ប្រទេស​ឈី​លី​
លោកស្រី មី​សែ​ល បា​សេ​លែ​ត
ភ្នំពេញ​: វ៉េ​រ៉ូ​នី​កា មី​សែ​ល បា​សេ​លែ​ត ហ្សេ​រី​យ៉ា (Veronica Michelle Bachelet Jeria) គឺជា​អ្នកនយោបាយ​សង្គម​ប្រជាធិបតេយ្យ ដែល​កាន់ដំណែង​ជា​ប្រធានាធិបតី​របស់​ឈី​លី ពីថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០០៦ ដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១០​។ គាត់ គឺជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​របស់​ប្រទេស​នេះ​។ នៅ​ខែកញ្ញា ឆ្នាំ​២០១០ លោកស្រី​បាន​ត្រូវ​តែងតាំង​ជា​ប្រមុខ​នៃ​សហប្រជាជាតិ​ដើម្បី​ស្ត្រី ដោយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន (Ban Ki-moon)​។​

​     ​លោកស្រី បា​សេ​លែ​ត បានឈ្នះ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ​២០០៦  ដោយ​ឈ្នះ​ធុរជន និង​អតីត​សមាជិកសភា​ដែលជា​អ្នក​កណ្តាល​ស្តាំនិយម សេ​បា​ស្ទៀ​ន ពី​ញ៉េ​រ៉ា (Sebastian Pinera) ជាមួយនឹង​សម្លេងឆ្នោត ៥៣,៥​ភាគរយ​។ គាត់​បាន​ឃោសនា អំពី​គោលនយោបាយ​បន្ត​ទីផ្សារសេរី​របស់​ឈី​លី ដោយ​ត្រូវ​បង្កើន​ផលប្រយោជន៍​សង្គម ដើម្បី​ជួយ​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​។​
​    ​លោកស្រី ជា​វេជ្ជបណ្ឌិត​ខាង​ជម្ងឺ​កុមារ និង​ជា​អ្នកសិក្សា​រោគរាតត្បាត​មួយ​រួប ប៉ុន្តែ​ក៏បាន​សិក្សា​យុទ្ធសាស្ត្រ​យោធា​ផងដែរ​។​លោកស្រី​បាន​បម្រើការ​ជា​ រដ្ឋមន្ត្រី​សុខាភិបាល និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក្រោម​បុព្វការី​ជន​របស់គាត់ គឺ​ប្រធានាធិបតី រី​កាដូ ឡា​ហ្គូ​ស (Ricardo Lagos)​។ លោកស្រី គឺជា​ម្តាយ​នៃ​កូន​បីនាក់​ដែល​បានរស់នៅ​បែក​ពី​ប្តី និង​ព័ណ៌នា​ខ្លួនឯង​ថា​ជា​អ្នក​ដែល​មិន​ជឿថា​មាន​ព្រះ​ជា​ម្ចាស់​។ គាត់​មាន​ដើមកំណើត​អេ​ស្ប៉ា​ញ និង​ចេះ​និយាយ​ផងដែរ​នូវ​ភាសា​អង់គ្លេស អាល្លឺម៉ង់ ព័រ​ទុយ​ហ្គា​ល់ និង​បារាំង​ក្នុង​កម្រិត​ស្ទាត់ជំនាញ​តាម​លំដាប់លំដោយ​។​
​    ​នៅ​ចុងឆ្នាំ​២០០៤ យោងតាម​ការកើនឡើង​នៃ​ប្រជាប្រិយភាព​របស់គាត់​នៅក្នុង​ការស្ទង់មតិ លោកស្រី​បា​សេ​លែ​ត ត្រូវបាន​ចាត់​ថា​ជា​តួអង្គ​របស់​គណៈបក្ស CPD តែមួយគត់​ដែល​អាច​យកឈ្នះ​លោក ឡា​វ៉ាំ​ង ហើយ​លោកស្រី​ត្រូវ​បានស្នើ​ដើម្បី​ក្លាយជា​បេក្ខជន​ឈរឈ្មោះ​សង្គមនិយម​ សម្រាប់​តំណែង​ប្រធានាធិបតី​។ ពីដំបូង​គាត់​ហាក់​នៅ​ស្ទាក់ស្ទើរ​ក្នុងការ​យល់ស្រប​លើ​ការតែងតាំង ដែល​វា​មិន​ធ្លាប់ជា​គោលបំណង​របស់គាត់​ទាល់តែសោះ ប៉ុន្តែ​នៅ​ចុងបញ្ចប់​គាត់​បាន​យល់ស្រប ដោយសារ​គាត់​មាន​អារម្មណ៍​ថា គាត់​មិនអាច​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់គាត់​ខក​ចិត្ត​។ នៅ​ថ្ងៃទី​០១ ខែតុលា នា​ឆ្នាំ​២០០៤ គាត់​បាន​ព្យួរ​តំណែង​ក្នុង​រដ្ឋាភិបាល​ដើម្បី​ធ្វើ​យុទ្ធនា​ការឃោសនា និង​ដើម្បី​ជួយ CPD នៅក្នុង​ការបោះឆ្នោត​ទីក្រុង​ដែល​ធ្វើឡើង​ក្រោយមក​នៅក្នុង​ខែ​នោះ​។ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០០៥ គាត់​បាន​ត្រូវ​ជ្រើស​ឲ្យ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​របស់​គណបក្ស​សង្គម​និយម​ ។​

​    ​ការបោះឆ្នោត ដើម្បី​កំណត់​បេក្ខជន​ប្រធានាធិបតី​តែ​ម្នាក់​គត់​សម្រាប់​CPD បានគ្រោង​ធ្វើ​នៅ​ខែកក្កដា ឆ្នាំ​២០០៥  ប៉ុន្តែ​វា​ត្រូវបាន​លុបចោល​បន្ទាប់ពី គូប្រជែង​តែមួយគត់​របស់លោក​ស្រី គឺ​អ្នក​កាន់​លទ្ធិប្រជាធិបតេយ្យ​គ្រី​ស្ទៀ​ន លោកស្រី​សូល​ដា​ដ អា​ល់វៀរ (Soledad Alvear) បាន​ដកខ្លួន​ថយ​ដោយសារ​ខ្វះ​អ្នកគាំទ្រ​នៅក្នុង​គណបក្ស និង​ថយចុះ​សម្លេង​ក្នុង​ការស្ទង់មតិ​មហាជន​។​
​    ​នៅឯ​ការបោះឆ្នោត​នា​ខែធ្នូ ឆ្នាំ​២០០៥ លោកស្រី បា​សេ​លែ​ត បាន​ប្រឈមមុខ​នឹង​បេក្ខជន​កណ្តាល​-​ស្តាំនិយម​គឺ​លោក សេ​បា​ស្ទៀ​ន ពី​ញ៉េ​រ៉ា , បេក្ខជន​ស្តាំនិយម ចូ​អា​គីន ឡា​វ៉ាំ​ង និង​បេក្ខជន​ឆ្វេងនិយម ថូ​ម៉ាស ហឺ​ស​ឆ៍ ។ ដូច​តាម​ការព្យាករណ៍​ដោយ​ការស្ទង់មតិ​មហាជន លោកស្រី​បាន​បរាជ័យ​ក្នុងការ​ទទួលបាន​នូវ​សម្លេង​ភាគច្រើន​ដាច់ខាត ដែលជា​តម្រូវការ​សម្រាប់​ឈ្នះ​ការបោះឆ្នោត​ទាំងស្រុង ដោយ​គាត់​ឈ្នះ បានតែ​៤៦​ភាគរយ​នៃ​សម្លេងឆ្នោត​។ នៅក្នុង​ការបោះឆ្នោត​ជុំ​ថ្មី​នៅ​ថ្ងៃទី​១៥ មករា ២០០៦ លោកស្រី​បាន​ប្រឈម​នឹង​លោក​ពី​ញ៉េ​រ៉ា និង​បានឈ្នះ​តំណែង​ប្រធានាធិបតី​ជាមួយនឹង​សម្លេងឆ្នោត ៥៣,៥​ភាគរយ ដូច្នេះហើយ​គាត់​បាន​ក្លាយជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​របស់​ប្រទេស​នេះ និង​ជា​ស្ត្រី​ដំបូង​ដែល​មិនមែនជា​ភរិយា​របស់​ប្រមុខរដ្ឋ ឫ​ថ្នាក់ដឹកនាំ​នយោបាយ​ណាមួយ​ពីមុន ដែល​បាន​ឈោង​ដល់​តំណែង​ប្រធានាធិបតី​នៃ​ជាតិ​អាមេរិក​ឡាទីន នៅក្នុង​ការបោះឆ្នោត​ដោយផ្ទាល់​។​
​    ​លោកស្រី បា​សេ​លែ​ត បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឈី​លី នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០០៦ នៅក្នុង​ពិធី​មួយ​ប្រារព្ធ​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​នៃ​សភាជាតិ​នាទី​ ក្រុង វ៉ាល់​ប៉ា​រ៉ៃ​សូ  ដែលមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ និង​ប្រតិភូ​បរទេស​ជាច្រើន​។​

No comments:

Post a Comment