Wednesday, January 9, 2013

កុំ​ស្លាប់​ដូច​ពស់ កុំ​រស់​ដូច​កង្កែប

និយម​ន័​យៈ កុំ​ធ្វើខ្លួន​ឲ្យ​គេ​ខ្លាច​គ្រប់​កាល និង​រស់​គ្មាន​ន័យ ។
ធម្មតា​សត្វ​សាហាវ​យ៉ាងណាក៏ដោយ ពេល​ងាប់​ទៅ​គេ​លែង​ខ្លា​ចវា​អស់ហើយ ។ ប៉ុន្តែ​សត្វ​ពស់​វិញ​ងាប់​ក៏ដោយ ក៏​គេ​នៅតែ​ខ្លាច​ដដែល ។
ពស់​នៅពេលនេះ លោក​សំដៅយក​ពស់​ដែលមាន​ពឹ​ស ។ ពេល​វា​នៅរស់ អ្នកផង​ទាំងពួង​តែងតែ​ខ្លាចរអាគ្រប់ៗគ្នា​ទាំង​ក្មេង​ទាំងចាស់ ។ លុះ​ពេល​វា​ងាប់​ទៅ​ក៏​គេ​នៅតែ​ខ្លាច​វា​ដដែល ។ កម្លាច​នេះ​ដោយ​គិតថា​វា​មិនទាន់​ងាប់​មែនទែន ។ បើ​ឃើញ​វា​ហើម​ស្អុយរលួយ​ក៏​នៅ​គិតថា​ក្រែង​ពឹ​សវា​នៅជាប់​តាម​ឆ្អឹងឆ្អែង​ ទៀត ។
កង្កែប និង ពស់
ពស់ និង កង្កែប
រីឯ​សត្វ​កង្កែប​គឺជា​សត្វ​ស្លូត​ហើយ​ល្ងង់ ។ វា​ខ្លាច​គេ​ណាស់ ។ វា​គ្មាន​អាវុធ​សម្រាប់​ការពារ​ខ្លួន​ទេ ។ ធម្មជាតិ​បានធ្វើ​អំណោយ​ដល់​វា​ដោយមាន​ការផ្លាស់ប្ដូរ​ព​ណ៌​សម្បុរស្បែក​ ទៅតាម​ទីកន្លែង​វា​រស់នៅ​សម្រាប់​បន្លំ​ខ្លួន និង​ឲ្យ​ជើង​ក្រោយ​វែង​មាន​សាច់ដុំ​ខ្លាំងក្លា​សម្រាប់​ចាក់​លោត​បាន​ឆ្ងាយ​ ដើម្បី​គេចខ្លួន​ពី​អន្តរាយផ្សេងៗ ។
ម្យ៉ាងទៀត​ដោយសារ​វា​ជាស​ត្វ​ល្ងង់ខ្លៅ​យ៉ាងនេះ​ហើយ​បានជា​វា​មិនចេះ​កាយ ​រូង​ធ្វើ​ជម្រក​ទេ គឺ​វា​ដើរ​ជ្រក​ជាមួយ​រូង​ក្ដាម ។ វា​សប្បាយចិត្ត​ណាស់​ក៏​ស្រែក​វ៉ែបៗនាំ​ឲ្យ​អ្នកនេសាទ​ឮ​ក៏​ខ្វារ​យក​វា​ដោយ ​ទាំង​ក្ដាម​ម្ចាស់​រូង​ទៀត ។
សត្វ​ពស់​ក្នុងន័យ​ខាងលើនេះ លោក​ប្រៀបធៀប​ទៅ​មនុស្ស​ពាលយង់ឃ្នង​កាច​សាហាវ ។ មនុស្ស​ពាល​នេះ​កាលបើ​រស់នៅ​ត្រង់ណា អ្នកផង​ទាំងពួង​តែងមាន​ការភ័យខ្លាចរ​អា​ជាខ្លាំង ។ ព្រោះ​វា​បង្ក​អសន្តិសុខ និង​គ្រោះមហន្តរាយ ។ វា​គ្មាន​មនោសញ្ចេតនា អាណិតអាសូរ​ដល់​អ្នក​ណា​ម្នាក់​ឡើយ សូម្បីតែ​ឪពុកម្ដាយ បងប្អូន ញាតិមិត្ត​វា​ក៏ដោយ ។
ដូច្នេះ ពួកវា​ជាទី​ស្អប់ខ្ពើម​នៃ​សង្គមមនុស្ស និង​សង្គមជាតិ ។ លុះដល់​ពួកវា​ស្លាប់ទៅ មនុស្ស​ផងទាំងពួង​ក៏​នៅតែ​ស្អប់ខ្ពើម មិន​ហ៊ាន​ទៅជិត​ខ្មោច​វា​ដដែល ព្រោះ​គេ​យល់ថា ខ្មោច​វា​លង​សាហាវ​ណាស់ ហើយ​គេ​ក៏​ពុំ​ចូល​បុណ្យ​ដែរ ។ គេ​ខ្លាច​កើតឡើង​ជួប​វា​ទៀត ។
រីឯ​សត្វ​កង្កែប លោក​ប្រៀប​ទៅនឹង​មនុស្ស​អាប់​ឥត​ប្រាជ្ញា គ្មាន​ចេះ​គ្មាន​យល់​អ្វី​ទាំងអស់ គឺជា​មនុស្ស​កំសោយ ។ ប្រសិនបើ​មនុស្ស​នេះ​ស្លូត​ក៏​គ្មាន​ប្រយោជន៍​អ្វី​ប៉ុន្មាន​ដល់​សហគមន៍ជាតិ ​ដែរ ។ គេ​រស់នៅ​ដោយ​គ្មាន​ន័យ គឺ​រស់នៅ​បានត្រឹមតែ​មាន​ឈ្មោះថា​បាន​រស់​ជា​មនុស្ស​នឹង​គេ​ដែរ​ប៉ុណ្ណោះ។

ឥទ្ធិពល​នៃ​ស្រា ឬ ទឹក​ប្ដូរ​និស្ស័យ


មនុស្ស ​គ្រប់​គ្នា​សុទ្ធ​តែ​ស្គាល់​អំពី ឥទ្ធិពល​របស់​វា តែ​មនុស្ស​គ្រប់​គ្នា​​ក៏​តែង​យក​ស្រា​មក​ធ្វើ​ជា​ភាព​សប្បាយ ការ​ផឹក​ស្រា​មិន​ខុស​ទេ តែ​ស្រា​វា​ធ្វើ​អោយ​អ្នក​ប្ដូរ​និស្ស័យ​របស់​ខ្លួន​បាន​ ដូច​នេះ​ត្រូវ​ចេះ​​គ្រប់​គ្រង​ខ្លួន​ឯង​ជា​មួយ​នឹង​គ្រឿង​ស្រវឹង​។
ការ​ផឹក​ស្រា ឬ ទឹក​ប្ដូ​និស្ស័យ
ការ ផឹក ស្រា ឬ ទឹក ប្ដូ និស្ស័យ
ភាព​ស្រវឹង​ស្រា​នាំ​ឱ្យ​បាត់​បង់ ​វិចារណញ្ញាណ​ ពន្លិច​ស្មារតី​ចង​ចាំ បង្ក​អន្តរាយ​​ដល់​ខួរ​ក្បាល បន្សោយ​កម្លាំង កម្ដៅ​លោហិត បង្ក​អោយ​របួស​ផ្នែក​ខាង​ក្នុង និង​ខាង​ក្រៅ​​នៃ​សរីរាង្គ​ដែល​មិន​អាច​ព្យាបាល​បាន​ ហើយ​ក៏​ជា​បិសាច​ចំពោះ​ចិត្ត​របស់​មនុស្ស​ ជា​ចោរ​ចំពោះ​ថវិកា ជា​បណ្ដាសា​របស់​ស្មូម ជា​អ្នក​បង្ក​ភាព​វឹកវរ​ដល់​សង្គម ជា​សត្រូវ​របស់​ភរិយា ជា​ទុក្ខ​ព្រួយ​របស់​កុលបុត្រ​ធីតា ជា​រូប​ភាព​នៃ​សត្វ​ពាលម្រឹគ និង​ជា​អំពើ​​សម្លាប់​ខ្លួន​ឯង អ្នក​ផឹក​ដើម្បី​សុខភាព​អ្នក​ដទៃ គឺ​ផឹក​បំផ្លាញ​សុខភាព​ខ្លួន​ឯង​ផ្ទាល់​ម្ដង​។
ក្នុង​ឋានៈ​​ជា​មនុស្ស​ ​យើង​ត្រូវ​មាន​ស្វ័យ​គ្រប់​គ្រង ដើម្បី​បែង​ចែក​រវាង​អ្វី​ដែល​ល្អ អ្វី​ដែល​អាក្រក់។ ចូរ​ចៀសវាង​​ការ​ប្រើ​គ្រឿង​ស្រវឹង គឺ​សុរា និង​មេរៃ ហើយ​ចូរ​ជួយ​អ្នក​ដទៃ​អោយ​ចៀស​វាង អោយ​បាន​ផុត​ដូច​គ្នា​។ ការងារ​នោះ នឹង​បាន​ជា​សេវកិច្ច​ដ៏​ធំធេង​បំផុត​ចំពោះ​មនុស្ស​ជាតិ​យើង​។
បើសិន​ជា​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ផឹក​ស្រា តែ​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង​នោះ​ជា​ការ​ប្រសើរ តែ​បើ​អ្នក​មិន​ទាន់​ចេះ​ផឹក​ទេ សូម​កុំ​ផឹក​អី ទោះ​បី​ជា​អ្នក​ដឹង​ខ្លួន​ឯង​ច្បាស់​ជា​អាច​នឹង​គ្រប់​គ្រង​ខ្លួន​បាន​ក៏​ ដោយ​ចុះ​ បើ​សិន​ជា​អាច​សូម​បោះ​បង់​ចោល​តែ​ម្ដង​នោះ​រឹត​តែ​ប្រសើរ​៕

មាន​តែ​សេក្ដី​ក្លាហាន​ទេ ដែល​អាច​នាំ​យើង​ឱ្យ​ដល់​គោល​ដៅ​បាន

មាន​តែ​សេក្ដី​ក្លាហាន​ទេ ដែល​អាច​នាំ​យើង​ឱ្យ​ដល់​គោល​ដៅ​បាន

អត្ថបទ ​នេះ​នឹង​បង្រៀន​អ្នក​ឱ្យ​ចេះ​ ពុះពារ​ចំពោះ​ការ​អៀន​ខ្មាស​ ព្រោះ​កើត​មក​ជា​មនុស្ស​ត្រូវ​តែ​មាន​ការ​អៀន​ខ្មាស​ តែ​ត្រូវ​អៀន​ខ្មាស​​ចំពោះ​តែ​ចំពោះ​អំពើ​ណា​ដែល​ថោក​ទាប​​ដែល​មិន​គួរ​ធ្វើ ដែល​សតិ​សម្បជញ្ញៈ​​ហាម​ឃាត់ ឬ ខ្មាស​អៀន​ចំពោះ​តែ​អំពើ​បាបកម្ម និង​ផ្ទុយ​ពី​​សីលធម៌​​បាន​ហើយ​។
YES, i can do it.
ត្រូវ មាន ចិត្ត ក្លាយហាន ជានិច្ច
មនុស្ស​ជា​ច្រើន​ពុំ​មាន​ការ​លូត​លាត់​ក្នុង​ទ្រព្យ​សម្បត្តិ​ដោយ​សារ​តែ ​ពួក​គេ​មាន​គំនិត​អៀន​ខ្មាស​នេះ ​បាន​ជំរុញ​អោយ​គាត់​យល់​ថា ជា​អំពើ​ថោក​ទាប របរ​នេះ​មិន​សម​នឹង​អញ​ធ្វើ​ ឬ​គិត​ថា​កិច្ច​ការ​នេះ​ធ្វើ​អោយ​អ្នក​ដទៃ​មើល​ងាយ​។ បើ​គិត​ដូច្នេះ​ គឺ​យើង​នៅ​មាន​គំនិត​មួយ​ទៀត​ថា ខ្លួន​យើង​ប្រសើរ​ជាង​អ្នក​ដទៃ និង​ប្រសើរ​ជាង​មុខ​របរ​នោះ​ទៀត ហើយ​គំនិត​នេះ​ធ្វើ​អោយ​យើង​លែង​ចេះ​ធ្វើ​អ្វី​ទាំង​អស់ ហើយ​ក៏​មិន​ចង់​ធ្វើ​ដែរ​ វា​នឹង​នាំ​​ឱ្យ​យើង​ក្លាយ​ជា​មនុស្ស​កោង​កាច ឬ មនុស្ស​ក្រៅ​សង្គម​។
ខ្ញុំ​បាន​អាន​សៀវភៅ​សរសេរ​កាល​ពី ឆ្នាំ​១៩៥៥ បាន​​និយាយ​អំពី​ចៅហ្វាយ​ស្រុក​ម្នាក់​ឈ្មោះ យិម សុខុន ដែល​ជា​មន្ត្រី​ម្នាក់​ឧស្សាហ៍​ធ្វើ​ការ​ណាស់ ហើយ​ចូល​ចិត្ត​លើក​ដំកើង​ខ្លួន​អោយ​សម​ជា​​នាម៉ឺន​រដ្ឋបាល​ចាត់​ចែង​កិច្ច​ ការ​ជូន​រាស្ត្រ​ ឱ្យ​មាន​លទ្ធភាព​ល្អ នៅ ក្នុង​ភូមិគ្រិះ​របស់​គាត់​ដែល​មាន​រដ្ឋការ​ទុក​សម្រាប់​គាត់​ គាត់​ធ្វើ​ការ​ពាក់​ក្រវ៉ាត់ក​ស្អាត​ៗ​ ហើយ​មាន​អង្គរក្ស​ជា​ទី​កោត​ស្ងប់​ស្ងែង​។
លុះ​រំលង​បាន​១០​ឆ្នាំ​ក្រោយ​មក​ ​គាត់​ក្លាយ​ជា​បុរស​​កសិករ​ម្នាក់​ម្នាក់​ស្លៀក​ខោ​ខ្លី អង្គុយ​លក់​កូន​ជ្រូក​ ​នៅ​ផ្សារ​បាវិត​ ព្រោះ​រដ្ឋការ​បាន​បញ្ឈប់​​គាត់​ឱ្យ​លែង​ធ្វើ​ការ​​ នេះ​មក​ពី​គាត់​សុចរិត​ពេក​ ហើយ​គ្រោះ​ថ្នាក់​នេះ​បណ្ដាល​មក​ពី សត្រូវ​តាម​ព្យាបាទ​ តែ​គាត់​មិន​តូច​ចិត្ត​អ្វី​ទេ​ ព្រោះ​កាល​គាត់​នៅ​ធ្វើ​ការ​ក៏ គាត់​ទទួល​តែ​ប្រាក់​ខែ​គ្មាន​បាន​សន្សំ​ស្អី​ទេ លុះ​គេ​បញ្ឈប់​គាត់ គាត់​ក៏​គ្មាន​សល់​ទ្រព្យ​សម្បត្តិ​ស្អី​ឡើយ​។​ គាត់​ប្រាប់​ទៀត​ថា​​គាត់​លែង​​ចង់ធ្វើ​ការ​ងារ​ដ្ឋ​ទៀត​ហើយ ព្រោះ​គ្មាន​សេរី​ភាព ហើយ​មិន​​ជឿន​លឿន​ទេ ជាង​នេះ​ទៅ​ទៀត​ជា​ជំរក​ពុករលួយ​ ពុត​ត្បុត​គ្រប់​បែប​យ៉ាង។ ​​គាត់​​ធ្វើ​ជា​អ្នក​​ដាំ​ត្រសក់ ពោត​សណ្ដែក សល់​ពេល​បន្ថែម​ក៏​ឆ្លៀត​រក​ស៊ី​លក់​កូន​ជ្រូក​នេះ​​តែ​ម្ដង​ទៅ​​។ ទឹក​ ចិត្ត​របស់​គាត់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គាត់​ចង់​ធ្វើ​មុខ​របរ​ធំ​ជាងនេះ​​ទៅ​ទៀត តែ​គាត់​ចង់​បណ្ដុះ​គំនិត និង​បទ​ពិសោធន៍​ជាមួយ​ការងារ​នេះ​ជា​មុន​សិន​។​
លុះ​រំលង​បាន​ ១​ឆ្នាំ​ក្រោយ​មក​ទៀត​ គាត់​មាន​​អារម្មណ៍​ថា​​​ស្ដាយ​ណាស់​ដែល​មិន​បាន​ធ្វើ​បែប​នេះ​តាំង​ពី​ដើម​ មក រវល់​តែ​ធ្វើ​ការ​ងារ​រដ្ឋ​អស់​ ១០​ឆ្នាំ​ប្លាយ។ ឥឡូវ​គាត់​បាន​ក្លាយ​ជា​អ្នក​ជំនួញ​កូន​ជ្រួក​ដ៏​ធំ លក់​ជ្រូក​ទៅ​បរទេស​ផង និង​ប្រវាស់​កូន​ជ្រូក​ជាមួយ​អ្នកភូមិ​ផង​ សព្វ​ថ្ងៃ​នេះ​គាត់​មាន​កូន​ជ្រូក​ប្រហែល ៥ពាន់​ក្បាល។
ប្រវត្តិ​របស់​គាត់​បាន​ធ្វើ​អោយ​សុភាសិត​បារាំង​មួយ តែង​តក់​ជាប់​ក្នុង​ចិត្ត​របស់​ខ្ញុំ​រហូត​ថា «​គ្មាន​មុខ​របរ​ណា​ដែល​​ផ្ដេស​ផ្ដាស​នោះ​ទេ មាន​តែ​មនុស្ស​ទេ​ដែល​ផ្ដេស​ផ្ដាស»។ ខ្ញុំ​សូម​បង្ហាញ​ជា​ចំណាប់​អារម្មណ៍​ចំពោះ​មិត្ត​អ្នក​អាន រៀន​ដើម្បី​ខ្មែរ ថា​ « ​នៅ​ពេល​ដែល​យើង​មាន​ការ​អៀន​ខ្មាស​ក្នុង​ការ​ប្រកប​របរ​សុចរិត​ណាមួយ យើង​នឹង​​ដាច់ពោះ​ស្លាប់ ដូច​សត្វ​កុក​ដែល​មិន​ព្រម​ស៊ី​ត្រី​តូចៗ ព្រោះ​រង​ចាំ​ស៊ី​តែ​ត្រី​ធំ​ៗ​​»៕​​​

ដើម្បី​​ឱ្យ​មាន​លុយ ត្រូវ​ស្រលាញ់​ការ​ផ្សង​ព្រេង

បើ ​និយាយ​អំពី​ជំនឿ​​ក្នុង​សាសនា​វិញ ព្រះ​ណា​ក៏​​បាន​ធ្វើ​ពលិកម្ម​ដែរ ដើម្បី​ឱ្យ​បាន​គោល​ដៅ​របស់ព្រះ​។ ព្រះ​ពុទ្ធ​លះ​បង់​គ្រួសារ រាជ​សម្បត្តិ​ដើម្បី​សព្វញ្ញុតញ្ញាណ ព្រះ​យេស៊ូ​ទ្រង់​លះ​បង​ជីវិត​និង​ព្រះ​កាយ​របស់​ព្រះ​អង្គ​ដើម្បី​រលោះ​បាប ​នៃ​ជាតិ​មនុស្ស​លោក ព្រះ​មហាម៉ាត់ ធ្វើ​ពលិកម្ម​គ្រប់​យ៉ាង​ដើម្បី​ដើម្បី​ព្រះ​អាល់​ឡា។ បើ​គ្មាន​ពលិកម្ម​​ក៏​គ្មាន​អំពើ​ធំ​ៗ​ដែរ ហើយ​ការ​សម្រេច​របស់​អំពើ​ធំ​ៗ​ក៏​គ្មាន​ដែរ​។​
ការ​ធ្វើ​ពលិកម្ម​បាន​មក​អំពី​​ឆន្ទៈ មាន​ឆន្ទៈ​ខ្លាំង ទើប​មាន​ពលិកម្ម​បាន ហេតុ​ដូច្នេះ​​ពលិកម្ម​ជា​ថាម​ពល​របស់​ឆន្ទៈ​​។ ប៉ុន្តែនៅ​ក្នុង​ការ​រក​លុយ យើង​ត្រូវ​​ហ៊ាន​ប្រថុយ តែ​មិន​មែន​ធ្វើ​ទាំង​ងងឹត​ងងុល​ទេ​ គឺ​ប្រថុយ​ដោយ​ប្ដូរ ដើម្បី​បាន​សម្រេច​​​មាន​ន័យ​ថា​យក​ទ្រព្យ​សម្បត្តិ​ទាំ​មូល​ដើម្បី​បាន​ សម្រេច​មុខ​ជំនួញ​អ្វី​មួយ​​ ដែល​យើង​យល់​ថា​ត្រូវ​តែ​ធ្វើ ដូច​នេះ​ត្រូវ​មាន​ការ​ខំ​ប្រឹង មាន​ការ​ព្យាយាម មាន​បញ្ញា​ឡើង នោះ​មុខ​ជា​បាន​​លទ្ធផល​ល្អ​ៗមក​តាម​នោះ​ដែរ​។
ចង់​ក្លាយ​ជា​អ្នក​មាន​ត្រូវ​ហ៊ាន​ប្រថុយ
ចង់ ក្លាយ ជា អ្នក មាន ត្រូវ ហ៊ាន ប្រថុយ
ឧទាហរណ៍​មួយ​៖ រដ្ឋការ​ម្នាក់​នៅ​ខេត្ត​កំពង់ឆ្នាំ ឈ្មោះ​លោក រស់ សំអាន គាត់​ជា​អធិការ​ខេត្ត ខាង​សហករណ៍ មាន​ឡាន​ល្អ​គួរសម​ល្មម​មួយ​។ គាត់​ធ្វើ​ការ​នៅ​ក្នុង​សហករណ៍​ចំនួន​១៥​ឆ្នាំ​ហើយ តែ​គាត់​ឧស្សាហ៍​ត្អូញ​ត្អែ​ណាស់​ថា ក្នុង​ជីវភាព​រដ្ឋការ​បើ​ធ្វើ​ការ​ស្អាត​ស្អំ​ពុំ​អាច​នឹង​មាន​ទ្រព្យ​ សម្បត្តិ​បាន​ទេ​។ ខ្ញុំ​តែង​នាំ​គ្រួសារ​ទៅ លេង​ផ្ទះ​គាត់​ជា​រឿយៗ ខ្ញុំ​ពិត​ជា​សរសើរ​គាត់​យ៉ាង​ស្ងប់​ស្ងែង​ណាស់​ថា គាត់​រស់នៅ​ដោយ​សុខ​សាន្ត ហើ​យ​ស្ងប់​ស្ងៀម​សប្បាយ​ល្មម​។​ តែ​វា​ផ្ទុយ​ស្រលះ​ពី​គំនិត​ខ្ញុំ ព្រោះ​តណ្ហា​របស់​មនុស្ស​មិន​ចេះ​ឆ្អែត​ឡើយ​។
ស្រាប់​តែ​មាន​ថ្ងៃ​មួយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ស្រុក​ខ្មែរ​ឥឡូវ​កំពុង​ខ្វះ​ខាត នូវ​គ្រឿ​ង​បរិភោគ ដូច​ជា​ពង​មាន់ និង​សាច់​ជ្រូក​ជា​ដើម​។ គាត់​ចង់​បង្កើត​មុខ​របរ​ចិញ្ចឹម​មាន់ ហើយ​បបួល​ខ្ញុំ​ឱ្យ​ចូល​ភាគ​ហ៊ុន ជាមួយ​ គ្រាន់​បាន​ចំណេញ​ចែក​គ្នា​។ តែ​ខ្ញុំ​បដិសេធ ខ្ញុំ​ពុំហ៊ាន​រក​ស៊ី​បែប​នេះ​ឡើយ ព្រោះ​មិន​យល់​បច្ចេកទេស និង គ្មាន​បទ​ពិសោធន៍​សោះ​។ គាត់​បាន​ប្រាប់​ថា​ស្រេច​តែ​យើង​ហ៊ាន​ប្រថុយ​ ឬ​អត់​តែ​ប៉ុណ្ណោះ ដូច​សុភាសិត​បារាំង​និយាយ​ថា «​បើ​គ្មាន​អ្នក​ណា​ប្រថុយ​អ្វី​សោះ ​ដែរ»។
រំលង​បាន​យូ​ខែ​ក្រោយ​មក​ ខ្ញុំ​ទៅ​លេង​ផ្ទះ​គាត់ ​​​ស្រាប់​តែ​ឃើញ​អ្នក​ដទៃ​មក​រស់​នៅ ខ្ញុំ​បាន​សួរ​រក​លោក រស់ សំអាត តែ​គេ​ប្រាប់​ថា​គាត​បាន​លក់​ផ្ទះ​នេះ​ទៅ​ឱ្យ​គេ​ហើយ ឥឡូវ​នេះ​គាត់ កំពុង​ជួល​ផ្ទះ​ដ៏​តូច​មួយ​រស់​នៅ​​ជាមួយ​គ្រួសារ​គាត់​នៅ​ក្បែរ​ផ្សារ​ឯណោះ ​។ ខ្ញុំ​បាន​ព្យាយាម​ទៅ​ស្វែង​រក​គាត់​ម្ដង​ទៀត​ក៏​បាន​ជួប​មុខ​ហើយ​និយាយ​លេង ​ គាត់​ប្រាប់​ថា​គាត់​បាន​លក់​ផ្ទះ​លក់​សំបែង ដើម្បី​យក​លុយ​រក​ចិញ្ចឹម​មាន់ តែ​មាន់​ងាប់​ច្រើន​ក្បាល​ណាស់ ហើយ​គាត់​ខាត​ដើម​ចុង អស់​ហើយ ព្រោះ​គាត់​មិន​មាន​បច្ចេកទេស​ច្បាស់​​លាស់​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​ប្រាប់​ថា​មិន​អស់​សង្ឃឹម​ទេ ព្រោះ​នេះ​ជា​ឱកាស​សម្រាប់​គាត់​ម្ដង​ទៀត ដោយ​សារ​មាន​បទ​ពិសោធន៍​អំពី​​ភាព​អវិជ្ជមាន​ក្នុង​ការ​រក​ស៊ី​ ដូច​នេះ​គាត់​ចង់​លក់​ឡាន​កញ្ចាស់​របស់​គាត់​សព្វ​ថ្ងៃ​នេះ​ទៀត ដើម្បី​​យក​លុយ​ទៅ​ចិញ្ចឹម​សារ​ជា​​ថ្មី។ ប្រពន្ធ​កូន សាច់​ញាតិ នាំ​គ្នា​បន្ទោស​គាត់​គ្រប់ៗ​គ្នា សូម្បី​តែ​ខ្ញុំ​ក៏​គិត​ថា គាត់​ល្ងង់​ណាស់ អស់​ផ្ទះ អស់​មាស ពេជ្រ ប៉ុណ្ណឹង​ហើយ​នៅ ប្រឹង​ធ្វើ​អី​ទៀត មិន​ព្រម​ទៅ​រក​ការងារ​ធ្វើ​ទៅ​? សុខ​ចិត្ត​លក់​របស់​របរ​​ដែល​នៅ​សល់​នេះ ដើម្បី​ទៅ​ចិញ្ចឹម​មាន់​ធ្វើ​អី​ទៀត​?
លុះ​បាន​ប្រហែល​ជាង​២​ឆ្នាំ​​ក្រោយ​មក​ទៀត​ ​ប្អូន​ប្រុស​របស់​ខ្ញុំ​ដែល​រស់​នៅ​ភ្នំពេញ គឺ​ជា​អ្នក​លក់​ដូរ​ក្នុង​ផ្សារ​អូរឫស្សី បាន​​បបួល​ខ្ញុំ​ទៅ​ញាំ​បាយ​ល្ងាច​ជាមួយ​​មិត្ត​ភក្តិ​របស់​គេ ហើយ​ប្រាប់​ថា នឹង​ណែនាំ​អោយ​ស្គាល់​ថៅ​កែ​ធំ​​ម្នាក់ ដែល​​​ជា​អ្នក​មាន​ស្ដុកស្ដម្ភ មាន​ឡាន​ទំនើប និង​មាន​អង្គរក្ស​ចាំ​បើក​ឡាន​ជូន​ទៀត​ផង​។
ពួក​ខ្ញុំ​ក៏​បាន​ទៅ​ដល់ សណ្ឋាគារ​ដ៏​ទំនើ​ប ស្រាប់​តែ ភ្ញាក់​ព្រឺត​ព្រោះ ថៅ​កែ​ម្នាក់​នោះ​គឺ ជា​លោក រស់ សំអាត ដែលជា​មិត្ត​ភក្តិ​របស់​ខ្ញុំ គាត់​ក៏​ភ្ញាក់​ផ្អើល​ដែរ គាត់​ចូល​មក​ឱប​ខ្ញុំ និយាយ​ទាំង​ញញឹម សួរ​សុខទុក្ខ​ខ្ញុំ។ ញាំ​អាហារ​ជុំ​គ្នា​រួច​គាត់​ក៏​និយាយ​ប្រាប់រឿង​រក​ស៊ី​ថា ក្រោយ​ពី​ការ​ប្រថុយ​ប្រថាន​រឿង​លក់ ឡាន​កញ្ចាស់​ដើម្បី​​ទិញ​​ពង​មាន់​មក បច្ចុប្បន្ន​នេះ ក្នុង​មួយ​ថ្ងៃ​គាត់ ពង​មាន់ ដោះ​ដុំ​អោយ​គេ ក្នុង​មួយ​ថ្ងៃ​បាន ប្រហែល​១​ម៉ឺន​គ្រាប់។ ហើយ​កំពុង​មាន​គំរោង​ធ្វើ​អោយ​ធំ​ជាង​ហ្នឹង​ទៀត ដើម្បី​នាំ​ចេញ​ទៅ​​លក់​នៅ តាម​ព្រំ​ដែន​ទៀត​ផង​។
ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​វិញ​ថា «​ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​ណាស់ ដែល​មិន​បាន​ចូល​ភាគ​ហ៊ុន​ជាមួយ អា​ពួក​ម៉ាក​ឯង ដោយ​មិន​បាន​គិតអំពី លទ្ធផល​នៃ​ការ​ធ្វើ​ពលិកម្ម​បែប​នេះ​សោះ ​នេះ​ជា​រឿង​មិន​នឹក​ស្មាន​ដល់​ឡើយ​»