និយមន័យៈ កុំធ្វើខ្លួនឲ្យគេខ្លាចគ្រប់កាល និងរស់គ្មានន័យ ។
ធម្មតាសត្វសាហាវយ៉ាងណាក៏ដោយ ពេលងាប់ទៅគេលែងខ្លាចវាអស់ហើយ ។ ប៉ុន្តែសត្វពស់វិញងាប់ក៏ដោយ ក៏គេនៅតែខ្លាចដដែល ។
ពស់នៅពេលនេះ លោកសំដៅយកពស់ដែលមានពឹស ។
ពេលវានៅរស់
អ្នកផងទាំងពួងតែងតែខ្លាចរអាគ្រប់ៗគ្នាទាំងក្មេងទាំងចាស់ ។
លុះពេលវាងាប់ទៅក៏គេនៅតែខ្លាចវាដដែល ។
កម្លាចនេះដោយគិតថាវាមិនទាន់ងាប់មែនទែន ។
បើឃើញវាហើមស្អុយរលួយក៏នៅគិតថាក្រែងពឹសវានៅជាប់តាមឆ្អឹងឆ្អែង
ទៀត ។
រីឯសត្វកង្កែបគឺជាសត្វស្លូតហើយល្ងង់ ។ វាខ្លាចគេណាស់ ។
វាគ្មានអាវុធសម្រាប់ការពារខ្លួនទេ ។
ធម្មជាតិបានធ្វើអំណោយដល់វាដោយមានការផ្លាស់ប្ដូរពណ៌សម្បុរស្បែក
ទៅតាមទីកន្លែងវារស់នៅសម្រាប់បន្លំខ្លួន
និងឲ្យជើងក្រោយវែងមានសាច់ដុំខ្លាំងក្លាសម្រាប់ចាក់លោតបានឆ្ងាយ
ដើម្បីគេចខ្លួនពីអន្តរាយផ្សេងៗ ។
ម្យ៉ាងទៀតដោយសារវាជាសត្វល្ងង់ខ្លៅយ៉ាងនេះហើយបានជាវាមិនចេះកាយ
រូងធ្វើជម្រកទេ គឺវាដើរជ្រកជាមួយរូងក្ដាម ។
វាសប្បាយចិត្តណាស់ក៏ស្រែកវ៉ែបៗនាំឲ្យអ្នកនេសាទឮក៏ខ្វារយកវាដោយ
ទាំងក្ដាមម្ចាស់រូងទៀត ។
សត្វពស់ក្នុងន័យខាងលើនេះ
លោកប្រៀបធៀបទៅមនុស្សពាលយង់ឃ្នងកាចសាហាវ ។
មនុស្សពាលនេះកាលបើរស់នៅត្រង់ណា
អ្នកផងទាំងពួងតែងមានការភ័យខ្លាចរអាជាខ្លាំង ។ ព្រោះវាបង្កអសន្តិសុខ
និងគ្រោះមហន្តរាយ ។ វាគ្មានមនោសញ្ចេតនា
អាណិតអាសូរដល់អ្នកណាម្នាក់ឡើយ សូម្បីតែឪពុកម្ដាយ បងប្អូន
ញាតិមិត្តវាក៏ដោយ ។
ដូច្នេះ ពួកវាជាទីស្អប់ខ្ពើមនៃសង្គមមនុស្ស និងសង្គមជាតិ ។
លុះដល់ពួកវាស្លាប់ទៅ មនុស្សផងទាំងពួងក៏នៅតែស្អប់ខ្ពើម
មិនហ៊ានទៅជិតខ្មោចវាដដែល ព្រោះគេយល់ថា ខ្មោចវាលងសាហាវណាស់
ហើយគេក៏ពុំចូលបុណ្យដែរ ។ គេខ្លាចកើតឡើងជួបវាទៀត ។
រីឯសត្វកង្កែប លោកប្រៀបទៅនឹងមនុស្សអាប់ឥតប្រាជ្ញា
គ្មានចេះគ្មានយល់អ្វីទាំងអស់ គឺជាមនុស្សកំសោយ ។
ប្រសិនបើមនុស្សនេះស្លូតក៏គ្មានប្រយោជន៍អ្វីប៉ុន្មានដល់សហគមន៍ជាតិ
ដែរ ។ គេរស់នៅដោយគ្មានន័យ
គឺរស់នៅបានត្រឹមតែមានឈ្មោះថាបានរស់ជាមនុស្សនឹងគេដែរប៉ុណ្ណោះ។
No comments:
Post a Comment