ពេលក្រឡេកឃើញមនុស្សណាម្នាក់មួយភ្លែត យើងពិតជាមិនអាចដឹងថាគេជាមនុស្សឆ្លាត
ឬល្ងង់ឡើយ, រង់ចាំមើលសកម្មភាព សម្តីសំដៅ ចរិតឫកពា
បន្តិចសិន។ ភាពល្ងង់ មិនបានកំណត់ទៅលើការបានសិក្សារៀនសូត្រជ្រៅជ្រះខ្ពង់ខ្ពស់ទេតែស្ថិតនៅលើអ្វីដែលគេសម្តែងចេញមកនិងចេះចាប់យក
និងមានគំនិតច្នៃប្រឌិតដោយខ្លួនឯង។ មានបុគ្គលខ្លះបានប៉ាវថាឲ្យតែអ្នកមិនបានចូលសាលា
មិនបានសិក្សាជ្រៅជ្រះជាមនុស្សល្ងង់។ពំនោលនេះខុសទាំងស្រុងតែម្តងព្រោះមជ្ឈដ្ឋានសង្គមគឺជាសាលាមួយយ៉ាងប្រណីតហើយមនុស្សនៅជុំវិញ គឺជាគ្រូឆ្នើមបំផុតប្រសិនបើគេចេះចាប់យកមកដាក់ខ្លួន។
ខាងក្រោមនេះ សកម្មភាព ទង្វើ ដែលត្រូវបានមនុស្សភាគច្រើនឲ្យន័យថា
ជាមនុស្សល្ងង់។
ក្នុងនោះមាន៦ចំណុចធំៗ៖
១.ខឹងគ្មានហេតុផលជាក់លាក់៖មនុស្សល្ងង់រមែងខឹងសម្បារនឹងរឿងអ្វីមួយដោយមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់។ មានរឿងក៏តូងតាង បោកនេះបោកនោះពេញណាពេញណី។
ពេលខ្លះគ្រាន់តែយើងធ្វើអ្វីបន្តិច ខុសនឹងចិត្តរបស់គេ ក៏ខឹងតូង
រកតែនិយាយបកស្រាយរឿងពិតមិនទាន់។
២.និយាយពាក្យឥតប្រយោជន៍៖បន្ទាប់ពីគ្មានហេតុផលហើយបុគ្គលប្រភេទនេះរមែងនិយាយប៉ប៉ាច់ប៉ប៉ោច រអ៊ូច្រើនអាចបង្កទៅជារឿងហេតុភេទផ្សេងៗមិនត្រឹមតែមិនមានប្រយោជន៍ទេប្រែទៅជាមានជម្លោះប្រកែកជជែកបែកទឹកបែកដីទៀត។ បុព្វហេតុនាំឲ្យនិយាយពាក្យឥតប្រយោជន៍ព្រោះក្នុងខ្លួនគេអត់មានអ្វីដែលជាបង្កើតថ្មីឬស្វះស្វែងរក ស្រាវជ្រាវ រកវិធីសាស្រ្តទេ
មានតែនិយាយដើមគេឯងប៉ុណ្ណឹង។
៣.កែប្រែមិនរីកចម្រើន៖មនុស្សតែងមានការកែប្រែគ្រប់ៗរូបប៉ុន្តែបុគ្គលប្រភេទនេះគឺកែប្រែពីភាពល្អទៅ រកភាពអវិជ្ជមាន។ប្រសិនបើខាងដើមមិនសូវនិយាយប្រែទៅជានិយាយច្រើនអត់បទ,បើមិនធ្លាប់ដើរលេង ប្រែទៅជាដើរលេងមិនដឹងកាល,បើមិនចេះផឹកប្រែជាចេះផឹកអួទីនួមិនចូលផ្ទះឆ្កែលិឍមាត់,បើមិនចេះលេងល្បែង ប្រែជាចេះលេងរហូតទាល់តែអស់ខោ...។នេះកែប្រែដែរប៉ុន្តែកែទៅរកចំណុចគ្មានបានការមិនមានភាពល្អប្រសើរចម្រុងចម្រើនដល់ខ្លួន។
៤.សាកសួរគ្មានវត្ថុបំណង៖ ជាទូទៅមនុស្សសួរអ្វីមួយ ដើម្បីចង់បានចម្លើយ
ហើយយកវាទៅអនុវត្ត ឬបកស្រាយនូវអ្វីដែលខ្លួនមិនអាចស្រាយចេញ។តែចំពោះមនុស្សល្ងង់វិញសួរមិនដឹងស្អីជាស្អីលើសពីនេះទៀតក្នុងចំណោមមនុស្សទាំងអស់ គឺគាត់សួរច្រើនជាងគេប៉ុន្តែក៏អត់យល់ច្រើនជាងគេដែរ។ពេលខ្លះសួរបានត្រឹមតែសួរមិនអាចបំប្លែងទៅ ជាអ្វីដែលមានប្រយោជន៍ឡើយ។ទាំងអម្បាលម៉ាននេះគឺមកពីសួរគ្មានគោលបំណងឬគ្មានវត្ថុបំណងច្បាស់លាស់។ពេលអ្នកមិនមានគោលដៅក្នុងការសួរ ចុងក្រោយនៅតែគ្មានប្រយោជន៍ដដែល
សួរសោះនឹងនៅមាត់ស្ងៀម។
៥.ឆាប់ទុកចិត្ត៖ដោយសារតែការគិតមិនបានជ្រៅជ្រះវែងឆ្ងាយទើបធ្វើឲ្យមនុស្សប្រភេទនេះឆាប់ជឿទុកចិត្តគេនៅពេល
ឮសម្តីត្អូញត្អែរឬពេលគេលើកតម្កើងខ្លួន។ចាស់តែងពោលទុកថាឈើកោងវល្លិព័ទ្ធមនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត។
ឃ្លានេះក្នុងន័យឲ្យមនុស្សទូទៅកុំឆាប់ទុកចិត្តដាក់ចិត្តដាក់កាយលើមនុស្សម្នាក់ទៀតដែលមិនទាន់ស្គាល់ប្រវត្តិច្បាស់លាស់។
រឿងនេះ មនុស្សល្ងង់មិនបានខ្វល់ឡើយ ខ្វល់តែមួយគត់ គឺខ្លួនគេអស្ចារ្យ លើសគេជាដើម។
យ៉ាងនេះហើយ ទើបលេចឡើងនូវការចាញ់បោកគេ អស់ទ្រព្យរលីងពីខ្លួន។
៦.សត្រូវជាមួយមនុស្សល្អ៖ចំពោះមនុស្សដែលមានតម្រិះប្រាជ្ញាច្រើនមិនសូវជាចុះសម្រុងជាមួយឡើយ
ព្រោះនិយាយចំៗ ពេកមិនអាចទ្រាំបាន។ ប្រការនេះហើយ ទើបបង្កឲ្យមនុស្សល្ងង់បានបដិសេធ
ហើយព្យាយាមចាកចេញឆ្ងាយ។ចុងក្រោយទាំងពីរក្រុមត្រូវបានដាច់ឆ្ងាយពីគ្នាមួយមេឃមួយដី។ចំណុចរៀបរាប់ខាងលើ គឺជាដំណើរដែលចាស់ៗលោកបានពោលទុក ដោយសារលោកបានកត់សម្គាល់
រំពៃមើលទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គមពិតៗ។តែទោះជាយ៉ាងណាមិនមែនចំណុចទាំងអស់នេះឆ្លើយតបចំទាំងអស់ឡើយ
ជួនកាលក៏មានករណីខ្លះលើកលែងផងដែរ។ សូមពិចារណាតាមការគួរចុះ!!
No comments:
Post a Comment