ភ្នំពេញ:
ទ្រង់សិរិមតៈ
ត្រូវបានគេស្គាល់ច្បាស់បំផុតដោយការជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ
កម្ពុជា
ពិសេសដោយសារការជាប់ពាក់ព័ន្ធនឹងព្រឹតិ្តការណ៍រដ្ឋប្រហារ១៨មីនា
១៩៧០ ទម្លាក់សម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋខ្មែរ និង
ជាមនុស្សទី២បន្ទាប់ពីលន់ នល់
នៅក្នុងរបបសារធារណរដ្ឋខ្មែរ១៩៧០-១៩៧៥ ។
ព្រះអង្គម្ចាស់
ស៊ីសុវត្ថិ សិរិមតៈ កើតនៅថ្ងៃទី២២ មករា ១៩១៤ នាទីក្រុងភ្នំពេញ ,
មាតាព្រះនាម ទ្រឿង យឿម , បិតា ស៊ីសុវត្ថិ រត្តរិ ,
ជាអ្នកគោរពព្រះពុទ្ធសាសនា ។ ព្រះអង្គ
បានរៀបអាពាហ៍ពាហ៍ជាមួយម្ចាស់ក្សត្រីយ៍ នរោត្តម កេតនារី
ហើយមានបុត្រី៣អង្គ និង បុត្រា៣អង្គ ។
សិរិមតៈ
ជាស្រឡាយ ស៊ីសុវត្ថិ ពោលគឺត្រូវជាចៅទួតរបស់ព្រះករុណា ស៊ីសុវត្ថ នៃ
ប្រទេសកម្ពុជា ។ នៅឆ្នាំ១៩៣០ ព្រះអង្គបានក្លាយជាមន្ត្រីរាជការ នៃ
រដ្ឋការអាណាព្យាបាលបារាំង ។
ស្ថិតនៅក្រោមធម្មនុញ្ញដែលតាក់តែងឡើង
ដោយអាណានិគមបារាំង បុគ្គលដែលអាចជ្រើសរើសជាក្សត្រខ្មែរបាន
លុះណាតែជាបុគ្គលក្នុងស្រឡាយ នរោត្តម ឬ ស៊ីសុវត្ថិ ។ ដោយហេតុនេះ
សិរិមតៈ
ក៏ជាសមាជិករាជវង្សមួយអង្គដែលមានសិទ្ធិអាចឡើងគ្រងរាជ្យជាក្សត្រ
ខ្មែរដែរ ។
ទោះព្រះអង្គជាសមាជិករាជវង្សក្តី
ក៏ព្រះអង្គមិនចូលរួមជាមួយគណៈបក្សសង្គមរាស្ត្រនិយម របស់សម្តេច
សហីនុ ទេ ។ ព្រះអង្គទៅចូលរួមជាមួយ គណៈបក្សកំណែទម្រង់ខ្មែរ ( Khmer
Renovation ) ជាគណៈបក្សស្តាំនិយម ដឹកនាំដោយលន់ នល់
ដែលជាគណៈបក្សប្រជែងនឹងគណៈបក្សសង្គមរាស្ត្រនិយម ទៅវិញ ។ សិរិមតៈ
បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតសភាជាតិ នាឆ្នាំ១៩៤៧
ប៉ុន្តែកាលនោះ គណៈបក្សនេះមិនទទួលបានអាសនៈឡើយ ។
ពេលដែលសម្តេច
សីហនុ គង់ជានាយករដ្ឋមន្ត្រីខ្មែរ បានតែងតាំងព្រះអង្គម្ចាស់ សិរិមតៈ
ឱ្យទទួលបន្ទុកផ្នែកការពារជាតិនៅឆ្នាំ១៩៥២ ហើយបានតែងតាំង
ជារដ្ឋមន្ត្រីក្រសួងការពារជាតិបន្ទាប់ពីទទួលបានឯករាជ្យពីបារាំងនៅ
ឆ្នាំ១៩៥៤ ។ ដោយសារសម្តេច សីហនុ និង នល់ នល់ ត្រូវរូវគ្នាខ្លាំងឡើងៗ
ទើបគណៈបក្សសង្គមរាស្ត្រនិយម របស់សម្តេចសីហនុ
បានស្រូបយកគណៈបក្សកំណែទម្រង់ខ្មែរ
មុនពេលបោះឆ្នោតដ៏ជោគជ័យនាឆ្នាំ១៩៥៥ ។ សិរិមតៈ
នៅតែជាអ្នកប្រឆាំងយ៉ាងមានះដដែល ជាពិសេសក្នុងការដែលសម្តេចសីហនុ
អនុគ្រោះដល់សកម្មភាពរបស់វៀតណាមខាងជើងនៅតាមបណ្តោយព្រំដែនខ្មែរ
ភាគខាងកើត ។
ពេញអំឡុងទសវត្សឆ្នាំ១៩៦០ សម្តេច សីហនុ
បានកាត់បន្ថយឥទ្ធិពលរបស់សិរិមតៈ
ដោយការតែងតាំងព្រះអង្គជាអគ្គរាជទូតនៅប្រទេសចិន ,
ប្រទេសហ្វ៊ីលីពីន និង ប្រទេសជប៉ុន ។
ក្រោយរដ្ឋប្រហារ១៩៧០
សុខភាពរបស់លន់ នល់
ចាប់ផ្តើមមានបញ្ហាបន្ទាប់ពីគាត់មានជំងឺដាច់សរសៃឈាមស្លាប់មួយ
ចំហៀងខ្លួននៅខែកុម្ភៈឆ្នាំ១៩៧១
រហូតត្រូវទៅព្យាបាលនៅទីក្រុងហូណូលូលូ រដ្ឋហាវ៉ែ សហរដ្ឋអាមេរិក ។
គេមិនមានសង្ឃឹងថា គាត់នឹងអាចត្រឡប់មកកាន់អំណាចវិញឡើយ ។
ការប្រជែងគ្នារវាងក្រុមមនុស្សរបស់ លន់ ណុន និង ព្រះអង្គម្ចាស់ សិរិមតៈ
បានកញ្ជ្រោលឡើងក្នុងការស្នងតំណែងរបស់លោក លន់ នល់ ពេលនោះ សិរិមតៈ
មានឋានៈជានាយករដ្ឋមន្ត្រីស្តីទី ។
វេលារសៀលថ្ងៃទីទី១៧
ខែមីនា ១៩៧៣ យន្តប្រដេញទម្លាក់គ្រាប់បែក T 28 បើកបរដោយអនុសេនីយ៍ឯក សូ
ផូត្រា កូនប្រសាររបស់ម្តេចសីហនុ
បានទម្លាក់គ្រាប់បែក២គ្រាប់ទៅលើនិវេសនដ្ឋានប្រធានាធិបតីសាធារណរដ្ឋ
សម្លាប់មនុស្ស១០០នាក់ ប៉ុន្តែលន់ នល់ ពុំមានគ្រោះថ្នាក់ និង
មិនមានរបួសឡើយ ។
រដ្ឋាភិបាលហង្ស ធុនហាក់ ដែលលន់ ណុន
ជាមនុស្សមានឋានៈដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះ
បានដាក់ព្រះអង្គម្ចាស់ សិរិមតៈ និង
សមាជិករាជវង្សមួយចំនួនឱ្យនៅតែក្នុងនិវេសនដ្ឋាន ដោយមានការឃ្លាំមើល ។
គេជឿថា ព្រះអង្គម្ចាស់សិរិមតៈ
បានស្នើសុំឥស្សជនអាមេរិកាំងធ្វើអន្តរាគមន៍កំចាត់ លន់ ណុន ទើប២-៣
ថ្ងៃក្រោយ លន់ ណុន ត្រូវលាលែងពីតំណែងជារដ្ឋមន្ត្រីអមក្រសួងមហាផ្ទៃ
ហើយថ្ងៃទី១៧មេសា ឆ្នាំ១៩៧៣ ហង្ស ធុនហាក់
ក៏សុំលាលែងពីតំណែងជានាយករដ្ឋមន្ត្រីទៀត ទើបសិរិមតៈ និង
សមាជិករាជវង្សទាំងឡាយត្រូវបានដោះលែងឱ្យមានសិរីភាពឡើងវិញ ។
អាស្រ័យមាត្រាទី៣៩ នៃ ច្បាប់រដ្ឋធម្មនុញ្ញ ទើបថ្ងៃទី២៤ មេសា ១៩៧៣
សេនាប្រមុខលន់ នល់ ផ្អាកសភាជាតិ និង
តែងតាំងក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ដោយមានរូបគាត់ , សិរិមតៈ , ចេង
ហេង និង អ៊ិន តាំង ។
អម្លុងពេលផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីជាច្រើនលើក
នៃសាធារណរដ្ឋខ្មែរ ពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥
នោះគឺរួមមានគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គម្ចាស់ សិរិមតៈ , លោក ហង្ស
ធុនហាក់ , លោក អ៊ិន តាំ (២លើក) , របស់លោក សឺង ង៉ុកថាន់ , ឡុង បូរ៉េត
( ៣លើក ) ។
នៅពេលដែលសង្គ្រាមកាន់តែស៊ីសាច់ហុតឈាមហៀប
និងដល់ទីបញ្ចប់ ព្រះអង្គម្ចាស់ សិរិមតៈ បានបញ្ជាក់ថា
ប្រសិនបើរាស្ត្រខ្មែរត្រូវការសម្តេច សីហនុ ឬ
ថាប្រសិនបើវត្តមានរបស់ព្រះអង្គក្នុងអំណាច
អាចនាំសន្តិភាពមកឱ្យខ្មែរនោះ ព្រះអង្គ(សិរិមតៈ) នឹងសុខចិត្តព្រម ។
សម្តេចសីហនុ មិនទទួលព្រមធ្វើការសម្រុះសម្រួលឡើយ
ហើយហៅព្រះអង្គម្ចាស់ សិរិមតៈ
ថាជាជនប្រតិកិរិយាដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា
ហើយថានឹងត្រូវតែព្យួរកគាត់ ពោលគឺនឹងមិនមានការផ្សះផ្សារឡើយ ។
ពួកកុម្មុយនិស្តខ្មែរក្រហម
បានបើកការវាយលុកនៅរដូវប្រាំងដើម្បីណ្តើមកាន់កាប់ទីក្រុងភ្នំពេញ
ដែលត្រូវបានឡោមព័ទ្ធនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥ ។ ថ្ងៃទី១ មេសា ១៩៧៥
ប្រធានាធិបតីសាធារណៈរដ្ឋខ្មែរ លន់ នល់
បានលាលែងពីតំណែងហើយបាននិរទេសខ្លួនទៅប្រទេសឥណ្ឌូនេស៊ី និង
បន្ទាប់មកបានទៅសហរដ្ឋអាមេរិក ។
ថ្ងៃទី១២ មេសា ១៩៧៥ អាមេរិក
បានផ្តល់សិទ្ធិជ្រកកោនដល់មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់របប
សាធារណៈរដ្ឋខ្មែរ ប៉ុន្តែសិរិមតៈ ឡុង បូរ៉េត និង
មនុស្សមួយចំនួនទៀតនៃគណៈរដ្ឋមន្ត្រីរបស់លន់ នល់
បានបដិសេធមិនទទួលយកសិទ្ធិនេះ បើទោះជាឈ្មោះរបស់ឡុង បូរ៉េត និង
សិរិមតៈត្រូវបានខ្មែរក្រហមផ្សព្វផ្សាយនៅក្នុងបញ្ជីមនុស្សក្បត់៧
នាក់ ដែលនឹងត្រូវកាត់ទោសក៏ដោយ
ហើយថាព្រះអង្គនឹងនៅប្រយុទ្ធដើម្បីប្រទេសជាទីស្រលាញ់របស់ព្រះអង្គ
បើនឹងស្លាប់ក៏សុខចិត្តនៅលើទឹកដីរបស់ខ្លួន ។
ថ្ងៃ១៧ មេសា
១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ សិរិមតៈ
បានស្វែងរកសិទ្ធិជ្រកកោន នៅសណ្ឋាគារ Hotel Le Phnom
ជាទីដែលកាកបាទក្រហមអន្តរជាតិកំពុងមានបំណងបង្កើតនូវតំបន់សុវត្ថិភាព
។ ប៉ុន្តែត្រូវបានបដិសេធនៅពេលកាកបាទក្រហម ដឹងថា
ឈ្មោះរបស់ព្រះអង្គត្រូវបានខ្មែរក្រហមដាក់នៅក្នុងបញ្ជីជនក្បត់ទាំង
៧នាក់ ។ នៅក្រៅសណ្ឋាគារនេះ សិរិមតៈ បាននិយាយទៅកាន់ពួកអ្នកកាសែត និង
បានចែកលិខិតរបស់ព្រះអង្គដែលបានសរសេរទៅសមាជិកព្រឹទ្ធសភា ឌាន
របស់អាមេរិក ដែលក្នុងនោះមានប្រយោគចុងក្រោយសរសេរថា
ព្រះង្គមានកំហុសដោយសារជឿលើអាមេរិកាំង
ហើយអាមេរិកាំងបោះបង់ប្រជារាស្ត្រខ្មែរដែលស្រលាញ់សេរីភាព ។
សិរិមតៈ បានស្វែងរកសិទ្ធិជ្រកកោននយោបាយនៅស្ថានទូតបារាំង ប៉ុន្តែ
ខ្មែរក្រហមបានគម្រាមថានឹងទន្ទ្រានចូលបរិវេណស្ថានទូតនោះ និង
ចាប់ខ្លួនមនុស្សណាដែលគេត្រូវការ
ប្រសិនបើពួកគេមិនព្រមចេញមកដោយស្ម័គ្រចិត្តទេនោះ ។
អមដំណើរដោយ
មន្ត្រីទូតលោក ជឺន ឌីរ៉ាក និង អ្នកកាសែតឈ្មោះ Jon Swain លោក Bizot
បានទទួលបន្ទុកក្នុងការជូនដំណឹងសិរិមតៈហើយ ព្រះអង្គ
ត្រូវបានប្រគល់ឱ្យខ្មែរក្រហម ។ សិរិមតៈ និង
មន្ត្រីមួយចំនួនដែលនៅជាមួយព្រះអង្គ
ទំនងជាត្រូវបានសម្លាប់នៅថ្ងៃទី២១ ខែមេសា ១៩៧៥ ។
ព័ត៌មាននៃ
ការស្លាប់របស់ព្រះអង្គ មិនទាន់មានភាពច្បាស់លាស់ ប៉ុន្តែសម្តេចសីហនុ
បានទទួលការថ្វាយដំណឹងថា សិរិមតៈ និង ឡុង បូរ៉េត
ត្រូវបានសម្លាប់តាមរបៀបប្រហាក់ប្រហែលគ្នាដោយការបាញ់នៅថ្ងៃទី២១
ខែមេសា ឆ្នាំ ១៩៧៥ ។ របាយការណ៍ផ្សេងទៀតបាននិយាយថា
ព្រះអង្គត្រូវបានសម្លាប់ដោយការកាត់សិរសា ។ ទោះយ៉ាងណា ហេនរី
ឃីស្ស៊ីងហ្គ័រ
រដ្ឋមន្ត្រីការបរទេសអាមេរិកសម័យសង្គ្រាមបានកត់ចំណាំនៅក្នុងរបាយការណ៍
មួយថា ព្រះអង្គត្រូវបានគេបាញ់នៅត្រង់ពោះ ហើយ
ទុកចោលដោយពុំមានការព្យាបាលរហូត៣ថ្ងៃក្រោយទើបបានបាត់បង់ជីវិត ៕
No comments:
Post a Comment