លោកស្រី មីសែល បាសេលែត
ភ្នំពេញ:
វ៉េរ៉ូនីកា មីសែល បាសេលែត ហ្សេរីយ៉ា
(Veronica Michelle Bachelet Jeria) គឺជាអ្នកនយោបាយសង្គមប្រជាធិបតេយ្យ
ដែលកាន់ដំណែងជាប្រធានាធិបតីរបស់ឈីលី ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៦
ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០។ គាត់
គឺជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសនេះ។ នៅខែកញ្ញា ឆ្នាំ២០១០
លោកស្រីបានត្រូវតែងតាំងជាប្រមុខនៃសហប្រជាជាតិដើម្បីស្ត្រី
ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon)។
លោកស្រី បាសេលែត
បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០០៦ ដោយឈ្នះធុរជន
និងអតីតសមាជិកសភាដែលជាអ្នកកណ្តាលស្តាំនិយម សេបាស្ទៀន ពីញ៉េរ៉ា
(Sebastian Pinera) ជាមួយនឹងសម្លេងឆ្នោត ៥៣,៥ភាគរយ។ គាត់បានឃោសនា
អំពីគោលនយោបាយបន្តទីផ្សារសេរីរបស់ឈីលី
ដោយត្រូវបង្កើនផលប្រយោជន៍សង្គម
ដើម្បីជួយកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ។
លោកស្រី
ជាវេជ្ជបណ្ឌិតខាងជម្ងឺកុមារ និងជាអ្នកសិក្សារោគរាតត្បាតមួយរួប
ប៉ុន្តែក៏បានសិក្សាយុទ្ធសាស្ត្រយោធាផងដែរ។លោកស្រីបានបម្រើការជា
រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងការពារជាតិ
ក្រោមបុព្វការីជនរបស់គាត់ គឺប្រធានាធិបតី រីកាដូ ឡាហ្គូស (Ricardo
Lagos)។ លោកស្រី គឺជាម្តាយនៃកូនបីនាក់ដែលបានរស់នៅបែកពីប្តី
និងព័ណ៌នាខ្លួនឯងថាជាអ្នកដែលមិនជឿថាមានព្រះជាម្ចាស់។
គាត់មានដើមកំណើតអេស្ប៉ាញ និងចេះនិយាយផងដែរនូវភាសាអង់គ្លេស
អាល្លឺម៉ង់ ព័រទុយហ្គាល់
និងបារាំងក្នុងកម្រិតស្ទាត់ជំនាញតាមលំដាប់លំដោយ។
នៅចុងឆ្នាំ២០០៤
យោងតាមការកើនឡើងនៃប្រជាប្រិយភាពរបស់គាត់នៅក្នុងការស្ទង់មតិ
លោកស្រីបាសេលែត ត្រូវបានចាត់ថាជាតួអង្គរបស់គណៈបក្ស CPD
តែមួយគត់ដែលអាចយកឈ្នះលោក ឡាវ៉ាំង
ហើយលោកស្រីត្រូវបានស្នើដើម្បីក្លាយជាបេក្ខជនឈរឈ្មោះសង្គមនិយម
សម្រាប់តំណែងប្រធានាធិបតី។
ពីដំបូងគាត់ហាក់នៅស្ទាក់ស្ទើរក្នុងការយល់ស្របលើការតែងតាំង
ដែលវាមិនធ្លាប់ជាគោលបំណងរបស់គាត់ទាល់តែសោះ
ប៉ុន្តែនៅចុងបញ្ចប់គាត់បានយល់ស្រប ដោយសារគាត់មានអារម្មណ៍ថា
គាត់មិនអាចធ្វើឲ្យអ្នកគាំទ្ររបស់គាត់ខកចិត្ត។ នៅថ្ងៃទី០១ ខែតុលា
នាឆ្នាំ២០០៤
គាត់បានព្យួរតំណែងក្នុងរដ្ឋាភិបាលដើម្បីធ្វើយុទ្ធនាការឃោសនា
និងដើម្បីជួយ CPD
នៅក្នុងការបោះឆ្នោតទីក្រុងដែលធ្វើឡើងក្រោយមកនៅក្នុងខែនោះ។
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៥
គាត់បានត្រូវជ្រើសឲ្យឈរឈ្មោះជាប្រធានាធិបតីរបស់គណបក្សសង្គមនិយម
។
ការបោះឆ្នោត
ដើម្បីកំណត់បេក្ខជនប្រធានាធិបតីតែម្នាក់គត់សម្រាប់CPD
បានគ្រោងធ្វើនៅខែកក្កដា ឆ្នាំ២០០៥
ប៉ុន្តែវាត្រូវបានលុបចោលបន្ទាប់ពី គូប្រជែងតែមួយគត់របស់លោកស្រី
គឺអ្នកកាន់លទ្ធិប្រជាធិបតេយ្យគ្រីស្ទៀន លោកស្រីសូលដាដ អាល់វៀរ
(Soledad Alvear) បានដកខ្លួនថយដោយសារខ្វះអ្នកគាំទ្រនៅក្នុងគណបក្ស
និងថយចុះសម្លេងក្នុងការស្ទង់មតិមហាជន។
នៅឯការបោះឆ្នោតនាខែធ្នូ ឆ្នាំ២០០៥ លោកស្រី បាសេលែត
បានប្រឈមមុខនឹងបេក្ខជនកណ្តាល-ស្តាំនិយមគឺលោក សេបាស្ទៀន
ពីញ៉េរ៉ា , បេក្ខជនស្តាំនិយម ចូអាគីន ឡាវ៉ាំង និងបេក្ខជនឆ្វេងនិយម
ថូម៉ាស ហឺសឆ៍ ។ ដូចតាមការព្យាករណ៍ដោយការស្ទង់មតិមហាជន
លោកស្រីបានបរាជ័យក្នុងការទទួលបាននូវសម្លេងភាគច្រើនដាច់ខាត
ដែលជាតម្រូវការសម្រាប់ឈ្នះការបោះឆ្នោតទាំងស្រុង ដោយគាត់ឈ្នះ
បានតែ៤៦ភាគរយនៃសម្លេងឆ្នោត។
នៅក្នុងការបោះឆ្នោតជុំថ្មីនៅថ្ងៃទី១៥ មករា ២០០៦
លោកស្រីបានប្រឈមនឹងលោកពីញ៉េរ៉ា
និងបានឈ្នះតំណែងប្រធានាធិបតីជាមួយនឹងសម្លេងឆ្នោត ៥៣,៥ភាគរយ
ដូច្នេះហើយគាត់បានក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសនេះ
និងជាស្ត្រីដំបូងដែលមិនមែនជាភរិយារបស់ប្រមុខរដ្ឋ
ឫថ្នាក់ដឹកនាំនយោបាយណាមួយពីមុន
ដែលបានឈោងដល់តំណែងប្រធានាធិបតីនៃជាតិអាមេរិកឡាទីន
នៅក្នុងការបោះឆ្នោតដោយផ្ទាល់។
លោកស្រី បាសេលែត
បានស្បថចូលកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋឈីលី នៅថ្ងៃទី១១
ខែមីនា ឆ្នាំ២០០៦
នៅក្នុងពិធីមួយប្រារព្ធនៅក្នុងសម័យប្រជុំពេញអង្គនៃសភាជាតិនាទី
ក្រុង វ៉ាល់ប៉ារ៉ៃសូ ដែលមានការចូលរួមពីប្រមុខរដ្ឋ
និងប្រតិភូបរទេសជាច្រើន។